thumbnail

ផ្នែកសុវត្ថិភាពសាលា និងសាធារណៈ

ផ្នែកសុវត្ថិភាពសាលា និងសាធារណៈ

ផ្នែកសុវត្ថិភាពសាលា និងសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវសុវត្ថិភាព ការសម្អាត ការថែទាំ ការងារស៊ីវិល ការងារប្រព័ន្ធទឹក អគ្គិសនី មេកានិក និងគ្រឿងបរិក្ខារផ្សេងៗទៀតនៅក្នុងអគារ និងសាខាទាំងអស់។ គោលបំណងរបស់ផ្នែកគឺ ដើម្បីផ្តល់ឱ្យសិស្សានុសិស្ស អ្នកអាណាព្យាបាល និងបុគ្គលិកនូវសេវាកម្មប្រកបដោយគុណភាពល្អ ផាសុកភាព និងសោភ័ណភាពបរិស្ថាន។ ទន្ទឹមនឹងនេះក៏រក្សាបាននូវស្តង់ដារខ្ពស់ មិនថាសម្ភារក្នុងអគារសិក្សា និងសម្ភារបរិក្ខារផ្សេងៗនោះទេ រួមទាំងសោភ័ណភាពសាលា និងទេសភាពដ៏ប្រណីតនៅតាមបណ្ដាសាខានីមួយៗផងដែរ។

សុវត្ថិភាព និងការថែទាំដ៏យកចិត្តទុកដាក់សម្រាប់កុមារ គួរតែជាអាទិភាពខ្ពស់សម្រាប់បុគ្គលិករបស់យើង។ បុគ្គលិកសន្តិសុខនៅក្នុងបរិវេណសាលា មានសារៈសំខាន់ណាស់ក្នុងការរក្សាសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក និងទ្រព្យសម្បត្តិឱ្យមានសុវត្ថិភាព។

បុគ្គលិកអនាម័យមានការប្រុងប្រយ័ត្នខ្ពស់ និងធានាថាគ្រប់ផ្នែកក្នុងអគារសិក្សាមានអនាម័យស្អាតគ្រប់ជ្រុងជ្រោយ ព្រោះថាអនាម័យផ្ទាល់ខ្លួន និងអនាម័យល្អ បង្កបរិយាកាសស្រស់ស្រាយដល់សិស្សានុសិស្ស ធ្វើឱ្យពួកគេមានសុខភាពល្អ និងសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។

បុគ្គលិកបច្ចេកទេសមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ ដើម្បីជួយក្រុមហ៊ុនសម្រេចបាននូវបេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន និងធានាបាននូវនិរន្តរភាពនៃប្រតិបត្តិការប្រកបដោយភាពប្រសិទ្ធភាព។

ចំណែកឯ បុគ្គលិកផ្នែកថែទាំអគារម្នាក់ៗ ត្រូវបានចាត់តាំងឱ្យទៅអគារនីមួយៗ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើង និងធានាឱ្យដំណើរការប្រតិបត្តិការមានភាពរលូន។

រីឯក្រុមគេហកិច្ចមានតួនាទី ដាំផ្កា និងរុក្ខជាតិដើម្បីតុបតែងលម្អគ្រប់អគារសិក្សា កន្លែងទទួលភ្ញៀវ សួនកុមារ និងការិយាល័យ។ ពួកគេតែងតែធ្វើការបាញ់ថ្នាំមូស និងសត្វល្អិតផ្សេងៗជារៀងរាល់ចុងសប្តាហ៍ ដើម្បីការពារបរិវេណសាលាពីជំងឺឆ្លង និងការបំផ្លិចបំផ្លាញផ្សេងៗដោយសត្វល្អិតចង្រៃ។

 

ផ្នែកសុវត្ថិភាពសាលា និងសាធារណៈ បែងចែកជា៥ផ្នែក៖

1. សេវាសន្តិសុខ៖

  • ធានាសុវត្ថិភាពសិស្ស
  • គ្រប់គ្រងច្រកចេញ ចូល
  • អនុវត្តការឆ្លើយតប និងផែនការបន្ទាន់
  • ធានាសុវត្ថិភាពអគ្គីភ័យ (ការបណ្តុះបណ្តាល និងការហាត់សម)
  • រក្សាទំនាក់ទំនងជាមួយអាជ្ញាធរ
  • ធ្វើការត្រួតពិនិត្យសុវត្ថិភាពជាប្រចាំ
  • គ្រប់គ្រងសោទាំងអស់ឱ្យបានល្អ។

2. សេវាសម្អាត៖

  • ធានាបាននូវគ្រឿងបរិក្ខារដែលអនាម័យដូចជា សម្អាតកន្លែងទទួលភ្ញៀវ ថ្នាក់រៀន បន្ទប់ទឹក និងការិយាល័យ
  • ចែករំលែកការអប់រំអំពីបរិស្ថានដល់ភាគីពាក់ព័ន្ធដូចជា ការគ្រប់គ្រងកាកសំណល់
  • ធានាបាននូវបរិស្ថានបៃតង។

3. ផ្នែកថែទាំ៖

  • ត្រួតពិនិត្យ និងសម្របសម្រួលរាល់សកម្មភាពថែទាំសម្រាប់បរិក្ខារសាលា
  • អនុវត្តកាលវិភាគថែទាំអំពីការបង្ការទៅលើ ឧបករណ៍ប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធ
  • ធានាបាននូវការជួសជុល និងថែទាំទាន់ពេលវេលា ដើម្បីភាពរលូននៃប្រតិបត្តិការ និងសោភ័ណភាពរបស់អគារ
  • គ្រប់គ្រងបុគ្គលិកថែទាំ រួមទាំងការចាត់ចែងការងារ និងការផ្តល់ការបណ្តុះបណ្តាលតាមតម្រូវការចាំបាច់
  • រក្សាបញ្ជីសារពើភណ្ឌនៃការផ្គត់ផ្គង់ឧបករណ៍ថែទាំ ហើយធ្វើការបញ្ជាទិញតាមតម្រូវការចាំបាច់។

4. ផ្នែកគេហកិច្ច៖

  • បង្កើតកាលវិភាគ និងត្រួតពិនិត្យការសម្អាតលម្អិតនៃបរិក្ខារក្នុងបរិវេណសាលា ត្រួតពិនិត្យទីតាំងដែលគេមិនយកចិត្តទុកដាក់ និងបញ្ហាប្រឈមក្នុងការសម្អាតជាក់លាក់
  • សម្របសម្រួលជាមួយបុគ្គលិក និងរក្សាកំណត់ត្រាសម្រាប់ការអនុលោមតាមគោលការណ៍
  • ត្រួតពិនិត្យបុគ្គលិកថែសួន បង្កើតផែនការថែទាំរុក្ខជាតិនៅក្រៅអគារ និងខាងក្នុងអគារ
  • សម្របសម្រួលសកម្មភាពបណ្តុះ និងផ្សាំ តាមដានស្ថានភាពរុក្ខជាតិ និងសហការជាមួយអ្នកផ្គត់ផ្គង់សម្រាប់សេវាកម្មឯកទេស ដូចជាការបណ្តុះបណ្តាលបច្ចេកទេស
  • អនុវត្តកម្មវិធីកម្ចាត់សត្វល្អិត សហការជាមួយអ្នកផ្គត់ផ្គង់ក្នុងការត្រួតពិនិត្យ ព្យាបាល និងអប់រំបុគ្គលិកលើការបង្ការ ការតាមដានសកម្មភាពសត្វល្អិត និងការរក្សាកំណត់ត្រានៃកិច្ចខិតខំប្រឹងប្រែងថែទាំ។

5. ការិយាល័យបុគ្គលិកស្នាក់នៅសាលា៖

  • រៀបចំបញ្ជីប្រចាំការប្រចាំសប្តាហ៍ និងកាលវិភាគថ្ងៃឈប់សម្រាករយៈពេលយូរ
  • គ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុម ធានាថាការងារត្រូវបានបញ្ចប់ប្រកបដោយប្រសិទ្ធភាព និងស្របតាមកាលវិភាគ
  • ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់បុគ្គលិក ធ្វើការត្រួតពិនិត្យការអនុវត្តជាប្រចាំ និងផ្តល់មតិស្ថាបនា
  • កំណត់តម្រូវការបណ្តុះបណ្តាល និងឱកាសសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈក្នុងចំណោមបុគ្គលិក
  • ត្រួតពិនិត្យការងាររដ្ឋបាលដែលទាក់ទងទៅនឹងការគ្រប់គ្រងបុគ្គលិក រួមទាំងកាលវិភាគ ការថែមម៉ោង និងវត្តមានបុគ្គលិក
  • រក្សាកំណត់ត្រា និងឯកសារឱ្យបានត្រឹមត្រូវទាក់ទងនឹងការអនុវត្ត និងប្រតិបត្តិការការងាររបស់បុគ្គលិក
  • គ្រប់គ្រងការផ្លាស់ប្តូរនៃការប្រចាំការពេលយប់ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកទាំងអស់
  • ចុះអធិការកិច្ច និងត្រួតពិនិត្យដល់កន្លែងដែលបុគ្គលិកស្នាក់នៅគ្រប់សាខា។