thumbnail

ការិយាល័យនីតិកម្ម

១. សេចក្ដីផ្ដើម

ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក (MENGLY J. QUACH EDUCATION PLC) គឺជា ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត បានបង្កើតឡើង និង គ្រប់គ្រងដោយ ច្បាប់នានា ស្ថិតនៅជាធរមាន នៃ ព្រះរាជាណាចក្រកម្ពុជា រួមមាន ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម ក្នុង ការកំណត់ទម្រង់ក្រុមហ៊ុន ច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ក្នុងការកំណត់សកម្មភាពពាណិជ្ជកិច្ច និងពាណិជ្ជករ ហើយក៏ស្ថិតនៅក្រោម អនុក្រឹត្យ សេចក្ដីប្រកាស និងសេចក្ដីសម្រេចនានា ដែលពាក់ព័ន្ធនឹងសកម្មភាពពាណិជ្ជកិច្ច របស់ក្រុមហ៊ុនផងដែរ។ ការដំណើរការ និង និរន្តរភាពរបស់ក្រុមហ៊ុនទាំងមូល គឺពឹងផ្អែកទៅលើ សកម្មភាពពាណិជ្ជកិច្ច របស់ក្រុមហ៊ុនទាំងស្រុងរួមមាន ការផ្ដល់សេវាកម្ម ការដោះដូរទំនិញ និង សេវាកម្មនានា ពាក់ព័ន្ធនឹងដំណើរការអាជីវកម្មប្រចាំថ្ងៃ។ រាល់ការដោះដូរទំនិញ និង សេវាកម្មប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌកំណត់ដោយច្បាប់ក្នុងលក្ខណៈជា អនុស្សរណៈនៃការយោគយល់គ្នា កិច្ចព្រមព្រៀង ឬ កិច្ចសន្យា ដែលត្រូវបង្កើតឡើង រវាងគូភាគី ដែលធ្វើការដោះដូរទំនិញ និង សេវាកម្ម រវាងគ្នា និងគ្នា។ ការដោះដូរទំនិញ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ឬ កិច្ចសន្យា គឺស្ថិតនៅក្រោមបទប្បញ្ញត្តិ ដែលពាក់ព័ន្ធនឹងកិច្ចសន្យា គឺមានចែងនៅក្នុង ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា និងមានចែងនៅក្នុងច្បាប់ផ្សេងៗ អាស្រ័យទៅតាមប្រភេទនៃសកម្មភាពពាណិជ្ជកិច្ច។ នៅពេលដែលកិច្ចសន្យាមួយបានបង្កើតឡើងរួចហើយ វាក្លាយជាចំណងគតិយុត្ត សម្រាប់តម្រូវឱ្យគូភាគីបំពេញកាតព្វកិច្ច អនុវត្តតាម និងកំណត់នូវលទ្ធកម្មសិទ្ធិ។ ក្នុងករណី ភាគីណាមួយមិនអនុវត្តកាតព្វកិច្ច សកម្មភាពនោះ ក្លាយជាការបំពានកាតព្វកិច្ចដែលតម្រូវឱ្យមានយន្តការដោះស្រាយ ដោយឈរលើ មូលដ្ឋានច្បាប់ជាធរមាន ដើម្បីផ្ដល់ភាពត្រឹមត្រូវ យុត្តិធម៌ និង សំណងខូចខាត ដល់ភាគីដែលទទួលរងនូវការបំពាន។ ជាទូទៅ រាល់សកម្មភាពពាណិជ្ជកិច្ចតែងតែជៀសមិនផុតពីឧបសគ្គដែលបង្កឡើងដោយភាគីណាមួយនៃកិច្ចសន្យាដែលបំពានកិច្ចសន្យា។ ក្នុងគោលបំណងឱ្យមានអនុលោមភាពនៃច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធ ទើបការិយាល័យនីតិកម្មត្រូវបានបង្កើតឡើងដើម្បីបំពេញកិច្ចការផ្នែកច្បាប់។

២. ការិយាល័យនីតិកម្ម

ការិយាល័យនីតិកម្ម ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០១៨ ដើម្បីបំពេញការងារ ក្នុងវិស័យច្បាប់ ក្នុងគោលបំណងការពារផលប្រយោជន៍របស់ក្រុមហ៊ុនទាំងមូល និងដើម្បីការពារក្រុមហ៊ុនពីហានិភ័យផ្នែកច្បាប់ ដែលអាចកើតមានឡើងមកលើក្រុមហ៊ុនផងដែរ។ ដោយសារក្រុមហ៊ុនមានសកម្មភាពពាណិជ្ជកិច្ចចម្រុះ ការិយាល័យនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ប្រឹក្សាយោបល់ផ្នែកច្បាប់ និងបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងពាណិជ្ជកិច្ចប្រចាំថ្ងៃរបស់ក្រុមហ៊ុន និងការគ្រប់គ្រងបុគ្គលិកជារួម មានបទប្បញ្ញត្តិ ដែល មានចែងនៅក្នុង ច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីពន្ធដារ ច្បាប់ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម គោលការណ៍ នានារបស់ក្រសួងអប់រំពាក់ព័ន្ធនឹងវិស័យអប់រំ។ ក្រៅពីការផ្ដល់ប្រឹក្សាយោបល់ផ្នែកច្បាប់ ការិយាល័យនីតិកម្ម មានតួនាទីក្នុងការរៀបចំ និងតាក់តែងលិខិតជូនដំណឹង និងលិខិតឯកជន (កិច្ចសន្យា កិច្ចព្រមព្រៀង និងអនុស្សរណៈ) ដែលជា តម្រូវការចាំបាច់ក្នុងការបំពេញពាណិជ្ជកិច្ចរបស់ក្រុមហ៊ុនទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ការិយាល័យនីតិកម្ម មានតួនាទីធ្វើជាតំណាងរបស់ក្រុមហ៊ុន ក្នុងការដោះស្រាយវិវាទនានាទាំងនៅក្នុង និង ក្រៅប្រព័ន្ធតុលាការដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនទាំងមូលមិនថារឿងរដ្ឋប្បវេណី ឬ រឿងព្រហ្មទណ្ឌក្តី។ រាល់ការបំពេញកិច្ចការរបស់ការិយាល័យនីតិកម្ម ត្រូវរក្សាជាការសម្ងាត់ ដោយមិនឱ្យមានការបែកធ្លាយរាល់ព័ត៌មានពាណិជ្ជកិច្ច ទៅតតិយជនដែលមិនពាក់ព័ន្ធឡើយ។

ក. ទស្សនវិស័យ

ធានាថា រាល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ត្រូវបានអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធនឹង ពាណិជ្ជកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា និង បង្កើតសុពលភាព គតិយុត្ត ពេញលេញ ដើម្បីការពារក្រុមហ៊ុន ពីការខូចខាតដោយសកម្មភាពបណ្ដឹង។

ខ. បេសកកម្ម

  • តាក់តែងឯកសារ ឯកជននានាសម្រាប់ក្រុមហ៊ុនត្រូវស្របតាមបទដ្ឋានគតិយុត្ត ដែលនាំឱ្យមានចំណងគតិយុត្តរឹងមាំ
  • រៀបចំឯកសារ ដាក់ជូនតុលាការ ឬស្ថាប័នមានសមត្ថកិច្ច ស្របតាមច្បាប់ស្ដីពីនីតិវិធីសម្រាប់ការពារក្រុមហ៊ុនទាំងក្នុង និងក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាពខ្ពស់
  • ការពារក្រុមហ៊ុនពីហានិភ័យផ្នែកច្បាប់នានា ដែលអាចកើតមានឡើង
  • លើកកម្ពស់ការយល់ដឹងនូវចំណេះដឹងច្បាប់ពាក់ព័ន្ធនឹងសកម្មភាពពាណិជ្ជកិច្ចនីមួយៗរបស់ក្រុមហ៊ុន។

គ. វិសាលភាព

វិសាលភាពការងាររបស់ការិយាល័យនីតិកម្មគ្របដណ្ដប់ទៅលើ ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក ទាំងមូល ព្រមទាំងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន។ ការិយាល័យនីតិកម្ម ពិតជាមានសារសំខាន់សម្រាប់ក្រុមហ៊ុន និងបុត្រសម្ព័ន្ធទាំងមូល ដូច្នេះដើម្បីឱ្យការតាក់តែងឯកសារ​នានា មានអនុភាពទៅតាមផ្លូវច្បាប់ នោះរាល់ឯកសារ​ទាំងអស់​ រួមទាំង​កិច្ចសន្យាទាំងអស់ត្រូវធ្វើជាភាសាខ្មែរ។ លើកលែងតែដៃគូសហការ គឺជាជនបរទេស ឬមិនអាចប្រើប្រាស់ភាសាខ្មែរបានសម្រាប់ករណីចាំបាច់។

ឃ. សកម្មភាពការងារ

ដើម្បីសម្រេចបានបេសកកម្មនិងគោលបំណងរបស់ខ្លួន ការិយាល័យនីតិកម្មមានទស្សនវិស័យទៅលើការពង្រឹង និងលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ដែលពាក់ព័ន្ធជាមួយប្រតិបត្តិការរបស់ក្រុមហ៊ុន ព្រមទាំងបង្កើតនូវគោលការណ៍ផ្សេងៗដើម្បីជួយដល់ការអនុវត្តការងារ និងប្រតិបត្តិការរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពខ្ពស់។​ ការងារ​របស់​ការិយាល័យនីតិកម្ម​មានដូចខាងក្រោម៖

  • ចេញលិខិតជូនដំណឹងដល់ភាគីពាក់ព័ន្ធ
  • តាក់តែង ពិនិត្យ តម្កល់ និងប្រថាប់ត្រាកិច្ចសន្យា ឬអនុស្សរណៈនានារបស់ក្រុមហ៊ុន
  • ដោះស្រាយបញ្ហាផ្លូវច្បាប់នៅពេលដែលមានហានិភ័យណាមួយដែលអាចប៉ះពាល់ដល់ពាណិជ្ជកិច្ច
  • ដំណើរការចុះបញ្ជីបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍
  • ប្រឹក្សាយោបល់ផ្នែកច្បាប់នានាជូនក្រុមហ៊ុន និងបុគ្គលិកនានាដែលត្រូវការពិគ្រោះយោបល់ផ្នែកច្បាប់
  • ដោះស្រាយវិវាទតាមប្រព័ន្ធ មជ្ឈត្តការ និងក្នុង ឬ ក្រៅប្រព័ន្ធតុលាការ
  • ការពារសិទ្ធិ និងធ្វើជាអ្នកតំណាងដោយអាណត្តិក្នុងករណីនៃវិវាទរបស់ក្រុមហ៊ុន
  • ផ្សព្វផ្សាយចំណេះដឹងច្បាប់ដល់បុគ្គលិករបស់ក្រុមហ៊ុន
  • ការដោះស្រាយបំណុលក្រៅប្រព័ន្ធតុលាការ
  • ហ្វឹកហ្វឺនបុគ្គលិក និស្សិតកម្មសិក្សាអំពីការប្រើប្រាស់កម្មវិធី Open Office សម្រាប់កំណែអក្ខរាវិរុទ្ធ ភាសាខ្មែរ
  • តាមដានការអនុវត្តកិច្ចសន្យា
  • សិក្សាស្រាវជ្រាវផ្នែកច្បាប់។