ផ្នែកសវនកម្មផ្ទៃក្នុង
ក. អំពីយើង
១. តួនាទីរបស់សវនកម្មផ្ទៃក្នុង
នាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺជាផ្នែកមួយដែលមានមុខងារគ្រប់គ្រងឯករាជ្យ និងមានតួនាទីក្នុងការវាយតម្លៃជាប្រចាំ ទៅលើផ្នែកដែលមានមុខងារសំខាន់ៗនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងគោលបំណងផ្តល់អនុសាសន៍ឱ្យមានការកែលម្អបន្ថែម និងបន្ថែមគុណតម្លៃ ដើម្បីពង្រឹងលើដំណើរការគ្រប់គ្រងអភិបាលកិច្ចទូទៅ ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
២. ចក្ខុវិស័យ
ចង់ក្លាយជាអ្នកផ្តល់សេវាកម្មសវនកម្មផ្ទៃក្នុងដែលគួរឱ្យទុកចិត្ត និងប្រកបដោយភាពច្នៃប្រឌិត។
៣. បេសកកម្ម
បេសកកម្មរបស់ផ្នែកនាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺផ្តល់ជូនក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូ ខេសិន ជាមួយនឹងការធានាថា ការអនុវត្តការងាររបស់ក្រុមហ៊ុន ត្រូវបានរក្សានៅក្នុងកម្រិតគួរឱ្យពេញចិត្ត ដែលរួមមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមានលក្ខណៈរឹងមាំ មាន ប្រសិទ្ធភាព មានប្រសិទ្ធផល ការគ្រប់គ្រងហានិភ័យសំខាន់ៗត្រូវបានកំណត់សម្គាល់ និងចាត់ វិធាន ការ ព្រមទាំងច្បាប់របស់រដ្ឋាភិបាល គោលនយោបាយ និងនីតិវិធីរបស់ក្រុមហ៊ុនកំពុងត្រូវបានអនុវត្តតាម។
៤. គោលការណ៍ និងបទដ្ឋានសវនកម្មផ្ទៃក្នុង
- ទី១ ទំនាស់ផលប្រយោជន៍៖ នាយកដ្ឋានសវនកម្មផ្ទៃក្នុង គួរចៀសវាងទំនាស់ផល ប្រយោជន៍គ្រប់ពេល។ គាត់ គួរតែរក្សាអាកប្បកិរិយាមិនលំអៀង អព្យាក្រិត សុចរិតភាព និងមានវិធីសាស្រ្តច្បាស់លាស់ ដើម្បីធ្វើការ និងប្រុងប្រយ័ត្នជានិច្ចចំពោះកត្តាដែលអាចបង្កឱ្យមានទំនាស់ផលប្រយោជន៍។
- ទី២ សិទ្ធិ៖ ផ្អែកលើគោលបំណងសវនកម្ម និងអនុលោមតាមស្តង់ដារសវនកម្មផ្ទៃក្នុង ក្រុមហ៊ុនត្រូវ តែអនុញ្ញាតឱ្យសវនករផ្ទៃក្នុងមានសិទ្ធិពេញលេញ គ្រប់គ្រាន់ និងមិនកំណត់ ទៅលើមុខងារទាំងអស់របស់ក្រុមហ៊ុន ក្នុងការត្រួតពិនិត្យលើ ទីកន្លែងការងារ ទ្រព្យសម្បត្តិ បុគ្គលិក កំណត់ត្រា ឯកសារ និងព័ត៌មានផ្សេងៗទៀតដែល នាយកសវនកម្មផ្ទៃក្នុង គិតថាចាំបាច់ក្នុងការអនុវត្តសកម្មភាពសវនកម្មផ្ទៃក្នុង។
- ទី៣ ការរក្សាការសម្ងាត់៖ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នឹងធានាការសម្ងាត់ពេញលេញនៃព័ត៌មានទាំងអស់ដែលទាក់ទងនឹងការងាររបស់ខ្លួន។ ព័ត៌មានសម្ងាត់អាចត្រូវបានចែក រំលែកនៅខាងក្នុង និងខាងក្រៅបាន ដោយមានការអនុញ្ញាតផ្ទាល់ពី ស្ថាបនិក ប្រធានក្រុម ប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ឬប្រសិនបើមានតម្រូវការស្របច្បាប់សម្រាប់ក្រុមហ៊ុន។ ក្នុងករណីណាមួយមានការរំលោភលើគោលការណ៍នេះ អាចនឹងមានវិធានការវិន័យរហូត ដល់មានការបណ្តេញចេញចំពោះបុគ្គលិកដែលពាក់ព័ន្ធនោះ។
- ទី៤ វត្ថុបំណង និងមិនលំអៀង៖ វត្ថុបំណង និងមិនលំអៀងមានសារៈសំខាន់ចំពោះប្រសិទ្ធភាពនៃមុខងារសវនកម្មផ្ទៃក្នុង។ វត្ថុបំណងមានន័យថា អាកប្បកិរិយាផ្លូវចិត្ត និងវិជ្ជាជីវៈមិនលំអៀង ដែលអនុញ្ញាតឱ្យសវនករផ្ទៃក្នុង ធ្វើសវនកម្ម ដោយគ្មានការសម្របសម្រួលលើគុណភាពសវនកម្ម។ គោលការណ៍ នៃវត្ថុបំណងនេះ បានកំណត់ទៅលើកាតព្វកិច្ចរបស់សវនករផ្ទៃក្នុងទាំងអស់ ដើម្បីឱ្យមានតម្លាភាព និងមានភាពស្មោះត្រង់។ វត្ថុបំណង តម្រូវឱ្យសវនករទាំងអស់ ធ្វើសេចក្តីវិនិច្ឆ័យលើបញ្ហាសវនកម្ម ដោយមិនស្ថិតនៅក្រោមបង្គាប់របស់ផ្នែកផ្សេងទ្បើយ។
- ទី៥ សមត្ថភាពវិជ្ជាជីវៈ៖ ត្រូវរក្សាបាននូវស្តង់ដារខ្ពស់ នៃសមត្ថភាព វិជ្ជាជីវៈ និងភាពស្មោះត្រង់ ឱ្យបានសមស្របតាមទំនួលខុសត្រូវ និងមុខងាររបស់គាត់។ គាត់ត្រូវតែ ប្តេជ្ញាចិត្តទទួលយកឱ្យបាននូវកម្រិតខ្ពស់បំផុតនៃជំនាញវិជ្ជាជីរៈ ដែលរួមមានទាំងផ្នែកបច្ចេកទេស និងផ្នែកក្រមសីលធម៌ តាមរយៈការផ្តល់សិទ្ធិបន្តក្នុងការអភិវឌ្ឍខ្លួនឯង។ គាត់ត្រូវតែបន្តការអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពផ្សេងៗ ដែលត្រូវការប្រើសម្រាប់អនុវត្តទំនួលខុសត្រូវរបស់ខ្លួន ដើម្បីធ្វើឱ្យប្រសើរទ្បើងនូវគុណភាពសវនកម្ម។
៥. គណនេយ្យភាព
នាយកដ្ឋានសវនកម្មផ្ទៃក្នុង មានទំនួលខុសត្រូវចំពោះក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បី៖
- ផ្តល់ការវាយតម្លៃលើភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃដំណើរការក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងការគ្រប់គ្រងសកម្មភាព និងហានិភ័យ ដែលស្ថិតនៅក្នុងបេសកម្ម និងវិសាលភាពការងាររបស់សវនកម្មដែលបានកំណត់។
- រាយការណ៍ពីបញ្ហាសំខាន់ៗទាក់ទងនឹងដំណើរការសម្រាប់ការគ្រប់គ្រងសកម្មភាពរបស់ ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន រួមមានទាំងការកែលម្អសំខាន់ៗ នៃដំណើរការទាំងនោះ។
- ធានានូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃប្រតិបត្តិការហិរញ្ញវត្ថុ និងការអនុវត្តប្រតិបត្តិការ។
- ធានាឱ្យមានការអនុលោមតាមគោលនយោបាយ នីតិវិធី ច្បាប់ និងបទបញ្ញត្តិនានា។
- ការពារទ្រព្យសម្បត្តិក្រុមហ៊ុន។
ខ. សេវាកម្មសវនកម្មផ្ទៃក្នុង
១. ដំណើរការសវនកម្មផ្ទៃក្នុង
ដំណើរការសវនកម្មត្រូវបានបែងចែកជា ៤ ដំណាក់កាល គឺការធ្វើផែនការសវនកម្ម ការប្រតិបត្តិការសវនកម្ម របាយការណ៍សវនកម្ម និងការតាមដានសវនកម្ម។ សម្រាប់ដំណាក់កាលនីមួយៗមានលក្ខណៈវិនិច្ឆ័យជាក់លាក់ ដើម្បីធានាឱ្យបាននូវការធ្វើសវនកម្ម ប្រកបដោយជោគជ័យ។
ទី១៖ ការធ្វើផែនការសវនកម្ម
សវនកម្មតម្រូវឱ្យមានផែនការល្អ។ ការធ្វើផែនការ តម្រូវឱ្យមានការស្វែងយល់អំពី គោលបំណង ដំណើរការការងារ ហានិភ័យ នីតិវិធីត្រួតពិនិត្យ សកម្មភាពត្រូវធ្វើសវនកម្ម ការបង្កើតយុទ្ធសាស្ត្រ និងវិធីសាស្រ្តក្នុងការធ្វើសវនកម្ម។ សេចក្តីសង្ខេបនៃដំណាក់កាលដែលពាក់ព័ន្ធក្នុងការធ្វើផែនការសវនកម្ម៖
- ការយល់ដឹងអំពីឯកសារ និងកម្មវិធី។
- កំណត់គោលបំណងសវនកម្ម វិសាលភាព លក្ខខណ្ឌ និងភស្តុតាង។
- កំណត់ធនធានមនុស្ស គោលដៅសំខាន់ៗ និងកាលបរិចេ្ឆទត្រូវបញ្ចប់ការធ្វើសវនកម្ម។
- បង្កើតផែនការសវនកម្ម និងកម្មវិធីសវនកម្ម។
- កំណត់សូចនាករនៃការអនុវត្តសំខាន់ៗ (KPIs) នៃការធ្វើសវនកម្ម។
- ការអនុម័តលើ ផែនការសវនកម្ម កម្មវិធីការងារសវនកម្ម និងសូចនាករនៃការអនុវត្តសំខាន់ៗ (KPIs)។
ទី២៖ ការប្រតិបត្តិការសវនកម្ម
ការប្រតិបត្តិការសវនកម្ម គឺត្រូវបានចាប់ផ្តើមឡើង ជាមួយនឹងការបើកការប្រជុំនៅថ្ងៃដំបូងនៃថ្ងៃចុះធ្វើប្រតិបត្តិការសវនកម្មរវាងសវនករផ្ទៃក្នុង និងសវនដ្ឋាន ដើម្បីពិភាក្សាផ្តោតលើតម្រូវការ និងពេល វេលានៃការធ្វើសវនកម្ម។ វាពាក់ព័ន្ធនឹងការអនុវត្តបច្ចេកទេស និងនីតិវិធីសវនកម្ម ដែលបានរាប់ បញ្ចូលក្នុងកម្មវិធីការងារសវនកម្ម ដើម្បីប្រមូលទិន្នន័យ និងប្រភេទនៃភស្ដុតាង ដើម្បីសម្រេចគោលបំណងសវនកម្មដែលបានកំណត់។ សេចក្តីសង្ខេបនៃជំហានពាក់ព័ន្ធ នឹងការប្រតិបត្តិការសវនកម្មមានដូចខាងក្រោម៖
- ការបើកការប្រជុំនៅថ្ងៃដំបូង នៃថ្ងៃចុះធ្វើប្រតិបត្តិការសវនកម្ម។
- ធ្វើសវនកម្មលើការអនុលោមភាព។
- ធ្វើសវនកម្មលើការ រៀបចំប្រព័ន្ធ ឬដំណើរការការងារ។
- ការបិទការប្រជុំ នៅថ្ងៃចុងក្រោយ នៃថ្ងៃចុះធ្វើប្រតិបត្តិការសវនកម្ម។
ទី៣៖ របាយការណ៍សវនកម្ម
របាយការណ៍សវនកម្ម ជាលទ្ធផលនៃការប្រតិបត្តិសវនកម្ម ការវិភាគ និងការពិចារណា ដែលធ្វើ ទ្បើងនៅក្នុងពេលធ្វើសវនកម្ម។ របាយការណ៍សវនកម្ម បានកំណត់ទ្បើងដោយការចងក្រងនូវ ចំណុចខ្វះខាតជាច្រើនដែលបានរកឃើញ និងបានកត់ត្រាដោយមានទម្រង់ របាយការណ៍ច្បាស់ លាស់ដោយរួមមានទាំងភស្តុតាង និងអនុសាសន៍ផងដែរ។ សេចក្តីសង្ខេបនៃជំហាន ពាក់ព័ន្ធនឹង ការប្រតិបត្តិការសវនកម្មមានដូចខាងក្រោម៖
- ការចងក្រងរបាយការណ៍ពីចំនុចខ្វះខាតដែលបានរកឃើញ។
- ការសរសេរអនុសាសន៍របស់សវនករផ្ទៃក្នុង។
- រៀបចំសេចក្តីព្រាងរបាយការណ៍សវនកម្ម។
- ពិភាក្សាសេចក្តីព្រាងរបាយការណ៍ ជាមួយអ្នកគ្រប់គ្រងតាមផ្នែក។
- រៀបចំ និងចេញរបាយការណ៍សវនកម្មចុងក្រោយ។
- ការចែកចាយរបាយការណ៍ ដោយជូនចំពោះ៖
- ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
- លោកប្រធានមជ្ឈមណ្ឌល ភាសា អេ អាយ អាយ
- លោកស្រីប្រធាន សាលារៀន អន្តរទ្វីប អាមេរិកាំង
- ថ្នាក់គ្រប់គ្រងជាន់ខ្ពស់
- ប្រធានផ្នែក។
ទី៤៖ ការតាមដានសវនកម្ម
ការតាមដាន គឺជាសកម្មភាពត្រួតពិនិត្យ និងផ្តល់យោបល់ ដែលត្រូវបានអនុវត្ត ដើម្បីធានាបាននូវវិសាលភាព និងភាពគ្រប់គ្រាន់នៃសកម្មភាពបង្ការ ឬកែតម្រូវ ដែលបានធ្វើឡើងដោយថ្នាក់គ្រប់គ្រង ដើម្បីដោះស្រាយនូវភាពខ្វះខាតមួយចំនួន ដែលបានរកឃើញនៅក្នុងពេលធ្វើសវនកម្ម។ វាមានគោលបំណងក្នុងការតាមដានលើការអនុវត្ត នៃអនុសាសន៍របស់សវនករដែលបានផ្តល់ជូន និងបានព្រមព្រៀងគ្នា ដើម្បីប្រាកដថាបានកែតម្រូវត្រឹមត្រូវ។ សេចក្តីសង្ខេបនៃជំហានពាក់ព័ន្ធនឹងការតាមសវនកម្មមានដូចខាងក្រោម៖
- ត្រួតពិនិត្យលើការអនុវត្ត ក្នុងការកែតម្រូវចំណុចខ្វះខាត និងអនុសាសន៍របស់សវនករដែលបានព្រមព្រៀងគ្នា។
- ដោះស្រាយទ្បើងវិញ សម្រាប់ការរកឃើញនូវការមិនអនុវត្តតាម ឬការអនុវត្តមិនបានគ្រប់គ្រាន់តាមអនុសាសន៍របស់សវនករ។
- រៀបចំរបាយការណ៍តាមដានសវនកម្ម។
គ. ប្រភេទសវនកម្ម
សេវាកម្មទាំងនេះអាចត្រូវបានអនុវត្តរួមគ្នា ជាមួយនឹងប្រភេទសវនកម្មណាមួយ ដែលបានពិពណ៌នាដូចខាងក្រោម៖
ការធ្វើសវនកម្មប្រចាំឆ្នាំ
ការធ្វើសវនកម្ម ឬការពិនិត្យឡើងវិញ ធ្វើឡើងជារៀងរាល់ឆ្នាំដោយអនុលោមតាមតម្រូវការបទ បញ្ញត្តិ ឬអាណត្តិរបស់ក្រុមប្រឹក្សាភិបាល។ ក្នុងករណីជាក់លាក់ ដើម្បីសម្រេចបាននូវប្រសិទ្ធភាព សវនកម្មទាំងនេះអាចត្រូវបានអនុវត្តទ្វេដង។ ជាទូទៅផែនការធ្វើសវនកម្ម ត្រូវបានចាត់ថ្នាក់ ជាប្រភេទសវនកម្មមួយ ឬច្រើន ដែលមានចែងដូចខាងក្រោម៖
១. ការធ្វើសវនកម្មមានវិសាលភាពពេញលេញ
- សវនកម្មអនុលោមភាព៖ ជាការវាយតម្លៃលើកម្រិត នៃការអនុលោមតាមច្បាប់ បទបញ្ញត្តិ និងគោលការណ៍គ្រប់គ្រង និងនីតិវិធីប្រតិបត្តិការ ដែលមាននៅក្នុងផ្នែកនីមួយៗ ចំណុចទាំងនោះរួមមានការអនុលោមតាមវិធានការណ៍គណនេយ្យភាព បទដ្ឋានក្រមសីលធម៌ និងកាតព្វកិច្ចនៃកិច្ចសន្យា។ សវនកម្មប្រភេទនេះ គឺជាផ្នែកដំបូងហើយសំខាន់មួយ នៃប្រភេទសវនកម្មគ្រប់គ្រង និងប្រភេទសវនកម្មប្រតិបត្តិការ។
- សវនកម្មគ្រប់គ្រង៖ ការវាយតម្លៃដាច់ដោយឡែកមួយ ពីប្រសិទ្ធភាព នៃការត្រួតពិនិត្យផ្ទៃក្នុងដែលត្រូវបានដាក់ឱ្យអនុវត្តនៅតាមផ្នែកនីមួយៗ ដើម្បីកំណត់ថាតើ ពួកគេសម្រេចបាននូវគោលបំណង នៃការត្រួតពិនិត្យនៅក្នុងរយៈពេលណាមួយ ឬនៅក្នុងកាលបរិច្ឆេទជាក់លាក់មួយ។
- សវនកម្មប្រតិបត្តិការ៖ ជាការវាយតម្លៃដាច់ដោយឡែកមួយ លើលទ្ធផល ដំណើរការការងារ និងធាតុនៃដំណើរការការងារនីមួយៗ ដើម្បីកំណត់ថាតើ ប្រតិបត្តិការ កម្មវិធី និងគម្រោងរបស់ក្រុមហ៊ុនមានប្រសិទ្ធិភាព មានប្រសិទ្ធផល មានក្រមសីលធម៌ និងមានលក្ខណៈសេដ្ឋកិច្ច។
- សវនកម្មហិរញ្ញវត្ថុ៖ ជាការវិភាគសកម្មភាពសេដ្ឋកិច្ច (ដូចជាប្រតិបត្តិការហិរញ្ញវត្ថុ) ដើម្បីដឹងថាប្រតិបត្តិការទាំងនោះបានវាស់វែង និងបានរាយការណ៍ត្រឹមត្រូវ តាមវិធីសាស្ត្រគណនេយ្យ។
- សវនកម្មព័ត៌មានវិទ្យា៖ ជាការពិនិត្យ និងវាយតម្លៃលើ ហេដ្ឋារចនាសម្ពន្ធបច្ចេកវិទ្យាព័ត៌មាន គោលនយោបាយ និងប្រតិបត្តិការរបស់ក្រុមហ៊ុន។ សវនកម្មនេះ ត្រូវបានចាត់ទុកថាជាដំណើរការនៃការប្រមូល និងវាយតម្លៃភស្តុតាង ដើម្បីកំណត់ថាតើ ប្រព័ន្ធកុំព្យូទ័រ ការការពារទ្រព្យសម្បត្តិ និងការរក្សាទុកទិន្នន័យបានត្រឹមត្រូវ ដែលធ្វើឱ្យគោលបំណងរបស់ក្រុមហ៊ុនសម្រេចបាន ដោយប្រសិទ្ធភាព និងប្រើប្រាស់ធនធានដោយប្រសិទ្ធផល។
២. សេវាកម្មប្រឹក្សា
សេវាកម្មប្រឹក្សា គឺទាក់ទងជាមួយនឹងការ ផ្តល់យោបល់កែលម្អលើដំណើរការការងារ នៃសកម្មភាពប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន។ សវនករផ្ទៃក្នុង ចូលរួមក្នុងសកម្មភាពប្រតិបត្តិការថ្មីទាំងនេះ ក្នុងតួនាទីពិគ្រោះយោបល់ផ្សេងៗ ដែលពាក់ព័ន្ធនឹងការពិនិត្យឡើងវិញ អំពីប្រសិទ្ធភាព និងប្រសិទ្ធផល នៃនីតិវិធីត្រួតពិនិត្យផ្ទៃក្នុង និងប្រតិបត្តិការរបស់សកម្មភាពប្រតិបត្តិការថ្មីដែលកំពុងបង្កើតទ្បើង ។ សវនករផ្ទៃក្នុង តែងតែផ្តល់គំនិតយោបល់ ដល់ផ្នែក ដែលកំពុងបង្កើតដំណើរការការងារថ្មីនោះ តាមរយៈការផ្តល់ជាយោបល់ឱ្យបង្កើតនីតិវិធីដែលមានលក្ខណៈ ការពារទុកជាមុន នៅក្នុងដំណាក់កាលកំពុងបង្កើតថ្មី ដើម្បី គ្រប់គ្រងគុណភាពការងារ