នាយកដ្ឋានធនធានមនុស្ស បានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដើម្បីធានា និងផ្តល់ការគាំទ្រដល់ភាពជោគជ័យអាជីវកម្មរបស់ក្រុមហ៊ុន។ នាយកដ្ឋានធនធានមនុស្ស ជាដៃគូអាជីវកម្មយុទ្ធសាស្រ្ត ដោយផ្តោតលើការអភិវឌ្ឍផលិតភាពធនធានមនុស្ស អាកប្បកិរិយា សមិទ្ធិផល និងវប្បធម៌បរិយាកាសការងារដ៏អំណោយផល ដើម្បីឱ្យបុគ្គលិកគ្រប់រូបរីករាយចូលរួមនឹងការងាររបស់ខ្លួនប្រកបដោយឆន្ទៈ ។
ស្របទៅតាមទិសដៅយុទ្ធសាស្រ្ត និងគោលដៅអាជីវកម្មបច្ចុប្បន្ន យើង តាំងចិត្តក្នុងការគ្រប់គ្រងធនធានមនុស្សតាមរបៀប បត់បែន (Agile HR) ដែលអាចឆ្លើយតបទៅនឹងតម្រូវការក្រុមហ៊ុន និងការរីកដុះដាលនៃអាជីវកម្ម។ ដោយផ្អែកលើការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនចំពោះការពង្រីកអាជីវកម្មទៅដល់បណ្តាខេត្តនានា ព្រមទាំងការផ្តើមអាជីវកម្មថ្មីៗផ្សេងទៀតក្នុងរយៈពេល ៦ ខែកន្លងមកនេះ តម្រូវការធនធានមនុស្សសម្រាប់អាជីវកម្ម និងផ្នែកផ្សេងៗមានការកើនឡើងខ្ពស់។ ដូច្នេះហើយ ទាមទារឱ្យមានការកែសម្រួល ជាច្រើនលើកច្រើនសានូវរចនាសម្ព័ន្ធរបស់ស្ថាប័នក្នុងអំឡុងពេលនោះ ព្រមទាំងតម្រូវការខ្ពស់ក្នុងការជ្រើសរើសបុគ្គលិក និងការកែសម្រួលនូវបុគ្គលិកដែលផ្តល់ផលិតភាពការងារទាប ហើយដែលទាំងនោះគឺជាសមិទ្ធិផលចម្បងៗដែលនាយកដ្ឋានធនធានមនុស្សសម្រេចបានក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយនាពេលកន្លងមក។
ដើម្បីធានាថា នាយកដ្ឋានធនធានមនុស្សអាចជួយសម្រេចទស្សនៈវិស័យអាជីវកម្ម យើងបានកំណត់នូវបេសកកម្មដូចខាងក្រោម ៖
✅ ធានាឱ្យបាននូវប្រសិទ្ធភាពប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានមនុស្សទៅលើមុខងារផ្សេងៗនៃកិច្ចការងារគ្រប់គ្រងធនធានមនុស្សតាមរយៈនីតិវិធីច្បាស់លាស់។
✅ បង្កើតប្រព័ន្ធដ៏រឹងមាំក្នុងការគ្រប់គ្រងសមិទ្ធិផលការងារ ដើម្បីធានាឱ្យបាននូវផលិតភាពការងារខ្ពស់។
✅ កំណត់ជាចាំបាច់នូវការអនុវត្តគោលការណ៍ និងវិន័យប្រកបដោយស្តង់ដារ ។
✅ បង្កើនប្រសិទ្ធិភាពប្រព័ន្ធគ្រប់គ្រងថវិកាធនធានមនុស្ស ឱ្យមានប្រសិទ្ធភាពខ្ពស់។
✅ បង្កើតវប្បធម៌ និងបរិយាកាសការងារវិជ្ជមាន និងអំណោយផល ដើម្បីជំរុញដល់ភាពជោគជ័យអាជីវកម្ម។
✅ ជ្រើសរើសធនធានមនុស្សដ៏ត្រឹមត្រូវដើម្បីអាចជំរុញអាជីវកម្មឱ្យមានប្រសិទ្ធភាពខ្ពស់ និងជោគជ័យ។
✅ កំណត់ឧបករណ៍ដើម្បីវាយតម្លៃអាកប្បកិរិយា ឥរិយាបទ និងសក្តានុពលរបស់បុគ្គលិក ដើម្បីអនុវត្តន៍ការងារឱ្យបានត្រឹមត្រូវដែលគាំទ្រដល់ភាពជោគជ័យនៃអាជីវកម្ម។
✅ បង្កើតចីរភាពរបស់ក្រុមហ៊ុន ដើម្បីជួយឱ្យអាជីវកម្មដំណើរការបានដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការការគ្រប់គ្រងប្រតិបត្តិការច្រើន។
✅ ដាក់បញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសម្រួលនិងបង្កើនប្រសិទ្ធភាពនៃតួនាទីក្នុងការគ្រប់គ្រងធនធានមនុស្សទាំងអស់។
អំពីនាយកដ្ឋាន ធនធានមនុស្ស
នៅក្នុងនាយកដ្ឋាន ធនធានមនុស្ស មានផ្នែកធំៗចំនួន ៤ ដែលត្រូវបានបង្កើតឡើង រួមមាន៖ ផ្នែកជ្រើសរើសបុគ្គលិក ផ្នែកសំណង អត្ថប្រយោជន៍ និងអនុលោមភាពតាមច្បាប់ការងារ ផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ព្រមទាំងផ្នែកគ្រប់គ្រងទេពកោសល្យ និងដៃគូអាជីវកម្ម។
ផ្នែកជ្រើសរើសបុគ្គលិក
ផ្នែកនេះមានតួនាទីយ៉ាងសកម្មក្នុងការជ្រើសរើស និងសម្រិតសម្រាំងបេក្ខជន បេក្ខនារីគ្រប់មុខតំណែងដើម្បីអនុវត្តតួនាទីទៅតាមតម្រូវការរបស់ក្រុមហ៊ុន។ ផ្នែកនេះ ទទួលខុសត្រូវក្នុងការកំណត់ ជ្រើសរើស វាយតម្លៃសមត្ថភាព រៀបចំលើលិខិតផ្តល់ការងារ កិច្ចសន្យាការងារ និងឯកសារចាំបាច់មួយចំនួនសម្រាប់បេក្ខជនដើម្បីអាចបំពេញតួនាទីមួយនៅក្នុងក្រុមហ៊ុន។
ផ្នែកសំណង អត្ថប្រយោជន៍ និងអនុលោមភាពនឹងច្បាប់ការងារ
ផ្នែកនេះទទួលខុសត្រូវក្នុងការបានបង្កើត និងកែលម្អឱ្យកាន់តែប្រសើរឡើងនូវសំណង និងអត្ថប្រយោជន៍របស់បុគ្គលិក។ ហើយផ្នែកនេះក៏ធានាឱ្យបានផងដែរនូវការគ្រប់គ្រងប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍របស់បុគ្គលិកប្រកបដោយតម្លាភាព សុក្រិតភាព និងការរក្សារការសម្ងាត់ខ្ពស់ ហើយធានាឱ្យបាននូវការផ្ដល់ជូនដល់បុគ្គលិកប្រកបដោយភាពត្រឹមត្រូវ ទៀងទាត់ និងទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ផ្នែកនេះក៏ទទួលខុសត្រូវបន្ថែមលើការបង្កើត និងកែសម្រួលនូវយុទ្ធសាស្ត្រ ព្រមទាំងគោលនយោបាយដែលពាក់ព័ន្ធទៅនឹងសំណង និងអត្ថប្រយោជន៍របស់បុគ្គលិក រួមមានការសិក្សា និងធ្វើបច្ចុប្បន្នភាពនូវអត្រាប្រាក់បៀវត្សរ៍សម្រាប់តួនាទីនីមួយៗ ហើយនិងអត្ថប្រយោជន៍ផ្សេងៗទៀតដែលសមស្របទៅនឹងច្បាប់ការងារ ដើម្បីឆ្លើយតបទៅតាមស្តង់ដារប្រាក់បៀវត្សរ៍ និងសំណងនៅក្នុងទីផ្សារការងារ។
ផ្នែកបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍
ផ្នែកនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្ដល់ការបណ្ដុះបណ្ដាល អភិវឌ្ឍន៍ និងបង្កើនសមត្ថភាព ជំនាញ ភាពលូតលាស់នៃអាជីពការងារ រក្សាបុគ្គលិកដែលមានសក្តានុពល និងបង្កើនការអនុវត្តន៍ការងាររបស់បុគ្គលិកនៅក្នុងស្ថាប័នតាមរយៈកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍នានា។ ។ ផ្នែកនេះ ដើរតួយ៉ាងសំខាន់ ក្នុងការធានា ឱ្យបាននូវការបង្កើត ធនធានមនុស្សខាងក្នុង និងបណ្ដុំធនធានទេពកោសល្យ (Talent Pool) ប្រកបដោយគុណវឌ្ឍន៍ខ្ពស់ តាមរយៈការបណ្ដុះបណ្ដាលជំនាញ និងសមត្ថភាពបន្ថែម។
ផ្នែកគ្រប់គ្រងទេពកោសល្យ និងដៃគូអាជីវកម្ម (HRBP)
ផ្នែកនេះធានាក្នុងការបង្កើននូវសក្តានុពលផលិតភាពធនធានមនុស្សតាមរយៈប្រព័ន្ធគ្រប់គ្រង និងវាយតម្លៃលទ្ធផលការងារដ៏មានប្រសិទ្ធភាព និងលើកកម្ពស់វប្បធម៌វិជ្ជមានរបស់ក្រុមហ៊ុនដើម្បីទទួលបានភាពជោគជ័យ។ ផ្នែកនេះក៏មានតួនាទីក្នុងការតម្រង់ទិសដៅការគាំទ្រផ្នែកធនធានមនុស្សឱ្យស្របទៅនឹងផែនការ គោលបំណង និងវប្បធម៌របស់ក្រុមហ៊ុន តាមរយៈការអនុវត្តន៍គោលនយោបាយដែលអនុលោមតាមគោលការណ៍ និងនីតិវិធីរបស់ក្រុមហ៊ុន។ លើសពីនេះទៅទៀត ក៏មានតួនាទីក្នុងការដោះស្រាយបញ្ហាបុគ្គលិក ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងផ្នែកអាជីវកម្ម និងនាយកដ្ឋានផ្សេងៗ ក្នុងការផ្តល់ប្រឹក្សាប្រកបដោយវិជ្ជាជីវៈខ្ពស់។ ផ្នែកនេះក៏មានតួនាទីក្នុងការគ្រប់គ្រងយ៉ាងពេញលេញចំពោះការវាយតម្លៃនៃការអនុវត្តន៍ និងលទ្ធផលការងាររបស់បុគ្គលិកនៅគ្រប់ផ្នែកក្នុងក្រុមហ៊ុនទាំងមូល ហើយធានាក្នុងការបង្កើត ផ្តល់ការប្រឹក្សាយោបល់ និងសេវាកម្មដែលស្របទៅនឹងផែនការអាជីវកម្ម ដើម្បីគាំទ្រដល់ការបង្កើន និងអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់ក្រុមហ៊ុន។
Visit Website
