Just leave your keyword down here to find pages, news or events
ភ្នំដងរែក ទីពុំអាចភ្លេច
តាមរយៈសៀវភៅមានចំណងជើងថា «ភ្នំដងរែក ទីពុំអាចភ្លេច» ដែលជាស្នាដៃនិពន្ធរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី៩មិថុនា នេះ កាលពី៣៩ឆ្នាំ គឺជាពេលវេលានៃជីវិតដ៏ខ្មៅងងឹតជាលើកទី២ របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ ក្នុងការរត់គេចចេញពីការធ្វើទុក្ខបុកម្នេញរបស់ពួកខ្មែរក្រហម ជាពិសេសគេចចេញពីការវាយប្រយុទ្ធគ្នារបស់កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា គំាទ្រដោយកងទ័ពវៀតណាម ដែលជំរុញឱ្យក្រុមគ្រួសារលោកឧកញ៉ា បានទៅដល់ជាយដែនកម្ពុជា ថៃ និងស្នាក់នៅក្នុងជំរំបណ្តោះអាសន្នឈ្មោះណងចាន់ ស្ថិតនៅក្នុងភូមិ ឃុំណងចាន់ ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។ ជាអកុសល ស្នាក់នៅជំរំនោះប្រហែលមួយសប្តាហ៍ ពោលនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៧៩ ក៏ត្រូវទាហានប៉ារ៉ាថៃ ដឹកជញ្ជូនឆ្ពោះទៅទម្លាក់ជ្រោះភ្នំដងរែក ផ្ទុយពីសេចក្ដីរំពឹងថាបានទៅប្រទេសទី៣ នៃទីឋានសេរីភាព និងសន្ដិភាព។
ទីភ្នំដងរែកនោះហើយដែលក្រុមគ្រួសារលោកឧកញ៉ា ក៏ដូចជាជនភៀសខ្លួនរាប់ម៉ឺននាក់ផ្សេងទៀត ត្រូវទាហានប៉ារ៉ាថៃបង្ខំឱ្យដើរទម្លាក់ជ្រោះមរណៈដ៏សែនចោត និងមហាប្រល័យ។ មហាប្រល័យ ក៏ព្រោះនៅផ្នែកខាងក្រោមនៃជ្រោះ គឺពោរពេញទៅដោយគ្រាប់មីន ដែលគ្រាប់មីនទាំងនោះ បើតាមតួលេខបានឆក់យកជីវិតជនភៀសខ្លួនប្រហែល៣០០០នាក់ និងជាង២០០០នាក់ផ្សេងទៀតបានបាត់ខ្លួន ហើយដែលជនភៀសខ្លួនទំាងនោះ ប្រមាណ៩០% ត្រូវគេរកឃើញថា មានជំងឺវិបល្លាសស្មារតី ឆាប់ភ័យ តក់ស្លុត និងបាក់ស្បាត។
សភាពនៃដំណើរដើរកាត់ជ្រោះមរណៈដ៏មហាសែនប្រល័យ ទីជ្រលងជ្រោះភ្នំដែលសម្បូរដោយគ្រាប់មីនបង្កៃ ដំណើរឆ្លងកាត់គំនរសាកសពរដូករណែល ការបង្ខំចិត្តផឹកទឹកដងអូរដែលមានខ្មោចអណ្ដែតស្ពីងនិងមានខ្លាញ់រលើប ការរើសចំណីពីខ្មោច សម្រែកនៃសេចក្ដីសោកសង្រេងកើតចេញពីការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារសាច់ញាតិ សភាពរងទុក្ខវេទនាបណ្ដាលមកពីអត់អាហារ អាកាសធាតុ និងស្ថានភាពផ្លូវមិនអំណោយផល ការវង្វេងក្នុងព្រៃឫស្សី សភាពដេកក្នុងទឹក ការដើរសុំទានគេ បូករួមនឹងជីវិតពីកុមារភាព និងការឆ្លងកាត់របបអាវខ្លីដោយអន្លើផងនោះនៃយុវភាពរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ ត្រូវបានលាតត្រដាងតាមរយៈសៀវភៅ “ភ្នំដងរែក ទីពុំអាចភ្លេច”។